កសិករ​១​គ្រួសារ នៅ​ស្រុក​ចិត្រ​បុរី ងាក​មក​ចិញ្ចឹម​បង្កង​អូរ​ស្ត្រា​លី ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​

​ខេត្តក្រចេះ​៖ ការចិញ្ចឹម​បង្កង អូរ​ស្ត្រា​លី របស់​កសិករ ជា​លក្ខណៈ​គ្រួសារ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​មេរោគ​កូ​វិដ ១៩ បាននិងកំពុង​ចាប់ផ្តើម​ពង្រីក​សកម្មភាព​ចិញ្ចឹម​នៅ​ខេត្តក្រចេះ នាពេល​បច្ចុប្បន្ន​។

​ជាក់ស្តែង កសិករ​ឈ្មោះ រស់ ខេមរ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែលមាន​ប្រពន្ធ​ឈ្មោះ ប្លុង ផា​រី អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី បាន​ប្រក​បរបរ​ចិញ្ចឹម​បង្កង អស់​រយៈពេល​០៧​ខែ មកហើយ ស្របពេល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វិត ១៩ ដោយបាន​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​មេ​ពូជ ចំនួន​៦០​ក្បាល គឺមាន​ញី​ចំនួន ៣០​ក្បាល និង​ឈ្មោល​ចំនួន ៣០​ក្បាល បាន​ទិញ​មក​ក្នុងតម្លៃ ៤០០០០​រៀល​ក្នុង​មួយគូ ។
​មកដល់ពេលនេះ​បង្កង​មេ​ពូជ មាន​ពង​ហើយ​ញាស់​បាន​ចំនួន ៣០​សំបុក ទទួល​បានកូន​បង្កង​ចំនួន ៧៥០០​កូន ។ មកទល់ពេលនេះ កសិករ​នេះ​បាន​ចំណាយ​ដើមទុន​សរុប​ប្រហែល ១០០០​ដុល្លា ហើយ ដែល​បាន​បង្កើត​អាង​សម្រាប់​ចិញ្ចឹម ជា​ស៊ីម៉ង​បាន​ចំនួន ០៣ អាង ដែល​ទំហំ​៥×៥​ម និង​អាង​ប្លា​ស្ទិ​ច ចំនួន​០៤ អាង ។

​បច្ចុប្បន្ននេះ កសិករ​នេះ​បានចាប់ផ្តើម​បញ្ចេញ​កូន​លក់​ជូន​ដល់​កសិករ​ដែល​រស់នៅ​ក្នុង​ឃុំ​សណ្តាន់ និង​សំបុក បាន​ចំនួន ៥០០ កូន​ហើយ​ដែលមាន​តម្លៃ ២ ០០០ រៀល​/​ក្បាល ។ ដោយឡែក​ការផ្តល់​ចំណី​បង្កង​វិញ គឺមាន​ជា​ចំណី​គ្រាប់ ផ្លែ​ល្ពៅ ដំឡូង និង​សារាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close