ឯកឧត្តម គួច ចំរើន៖ សមិទ្ធិផលប្រព័ន្ធគមនាគមន៍ថ្មីៗ នឹងលេចចេញជារូបរាង នៅលើទឹកដីក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី ដែលតាមគម្រោងថានឹងប្រើរយៈពេល១៦ខែសម្រាប់ការស្ថាបនាឱ្យរួចរាល់។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារ Goddess of Liberty Hotel and Resort ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយនិងវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ពន្ធ័ និងខាងវិសយ័ឯកជន ក្នុងនោះក៍មានវត្តមានអ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលប្រតិបត្តិការផ្ទាល់ផងដែរ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សម្តែងនូវការអបអរសាទរចំពោះសមិទ្ធិផល ប្រពន្ធ័គមនាគមន៍ដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ នៅលើទឹកដីក្រុងកោះរ៉ុង បន្ថែមទៅលើផ្លូវ ថ្នល់ជាច្រើនខ្សែដែលកំពុងស្ថាបនាជារួមនៅក្នុងខេត្តព្រះសីហនុ ជាហេដ្ឋារចនាសម្ពន្ធ័ចាំបាច់បម្រើឱ្យការអភិវឌ្ឍន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។