ថៃ ប្រឈមនឹងការបិទទ្វារសណ្ឋាគារ ផ្ទះសំណាក់ ដោយសារកូវីដ១៩

ថៃ៖ ក្រសួងទេសចរណ៍និងកីឡាប្រទេសថៃបានឲ្យដឹងថា ប្រសិនបើមិនអនុញ្ញាតឲ្យជនបរទេសចូលប្រទេស ត្រឹមចុងឆ្នាំ២០២០នេះថា អាជីវកម្មសណ្ឋាគារនិងស្នាក់នៅផ្សេងៗប្រមាណ៦០ភាគរយប្រឈមនឹងដួលរលំ។
លោក Phiphat Ratchakitprakarn បាននិយាយ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៤ កក្កដានេះថា «ប្រជាពលរដ្ឋនឹងមានសុវត្ថិភាពពីជំងឺវីរុស ខណៈដែលព្រំដែននៅតែបិទទ្វារ ប៉ុន្តែរបួសពីវិបត្តិសេដ្ឋកិច្ចប្រហែលជាកាន់តែជ្រៅ ហើយរាជរដ្ឋាភិបាលនឹងប្រឈមនឹងភាពលំបាកកាន់តែច្រើន ក្នុងការជួយដល់អ្នកដែលបាត់បង់ការងារ» អាជ្ញាធរជាតិទេសចរថៃបានប៉ាន់ប្រមាណថា ការមកដល់របស់ភ្ញៀវអន្តរជាតិនឹងធ្លាក់ចុះ ៨០ ភាគរយ ពោលគឺរហូតដល់ ៨,២ លាននាក់ ដែលធ្វើឲ្យអាចរកចំណូលបានត្រឹមតែ ៣៩៦ ពាន់លានបាតនៅឆ្នាំនេះ។
លោករដ្ឋមន្ត្រីថា ឧស្សាហកម្មទេសចរណ៍នឹងចូលរួមជាមួយ GDP ឬផលិតផលសរុបក្នុងស្រុកត្រឹមពី៦ទៅ៧ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ តែបើប្រៀបធៀបនឹងឆ្នាំ២០១៩វិញ មានរហូតដល់១៨ភាគរយឯណោះ។ លោកបន្ថែមទៀតថា «ប្រសិនបើគម្រោងពពុះនៃការធ្វើដំណើរអាចលេចចេញរូបរាង ក្នុងខែកញ្ញា ដល់ធ្នូនោះ ទេសចរណ៍ត្រូវបានរំពឹងថា នឹងបង្កើនចំណូលដល់២០០ពាន់លានបាត ដែលអាចដល់គោលដៅទេសចរណ៍ ១.២៣ទ្រីលានបាត ក្នុងឆ្នាំនេះ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។