រាជរដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្ត្រ បញ្ចប់ការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា

ខេត្តឧត្តរមានជ័យ៖ កាលពីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងនាម សម្តេចតេជោ ប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ។

អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងបញ្ហាមីន ព្រមទាំងបានណែនាំឲ្យគ្រប់មន្ទីរ/អង្គភាព និងកងកម្លាំងប្រដាប់អាវុធ បន្តយកចិត្តទុកដាក់ រៀបចំដាក់បញ្ចូលបញ្ហាមីនជាការងារអាទិភាពមួយ ក្នុងរបៀបវារៈរាល់កិច្ចប្រជុំរបស់ខ្លូនជាប្រចាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារះ និងថវិកាជាច្រើនទើបជម្រុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រតិបត្តិករជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្តសហការចូលរួមអប់រំប្រជាពលរដ្ឋឲ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាពអំពីការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។