កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន ១៥ ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០

ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​លើក​ទី​៦ (6th JTC) ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់ទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កម្ពុជា និង​ថៃ បាន​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥​ប៊ី​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០២០​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​លទ្ធផល ដែល​បានអនុម័ត​នៅឯ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម រវាង​កម្ពុជា​និង​ថៃ​លើក​ទី​៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ឆ្នាំ​២០១៥ និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ថ្មី​នានា​ដូចជា ការ​នាំចូល​ជ្រូក ខ្សែភាពយន្ត ប្រេងឥន្ធន​: ពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា និង​ការអនុវត្ត​ច្បាប់​គយ​ថ្មី​របស់​ថៃ​។​

​ក្រៅពី​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម ភាគី​កម្ពុជា បានស្នើ​ភាគី​ថៃ បន្ថែម​រយៈពេល​នៃ​ការនាំ​ចូល​ពោត​ពី​កម្ពុជា​រហូតដល់​ខែតុលា​រៀងរាល់ឆ្នាំ ដែល​ពីមុន​ការនាំ​ចូល​ពោត​មាន​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ (​ខែមីនា ដល់​ខែសីហា​)​។ លើសពីនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ ដែល​នឹងត្រូវ​កោះប្រជុំ​លើក​ទី​១​របស់ខ្លួន នៅក្នុង​រយៈពេល ៣​ខែ បន្ទាប់ពី​កិច្ចប្រជុំ 6th JTC​។​

​ទន្ទឹមគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជាច្រើន​រួមមាន កិច្ចសហប្រតិបត្តិការ​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​បើក​ច្រកព្រំដែន កិច្ចសហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ជាដើម​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ (១) យុទ្ធសាស្ត្រ​កំណើន​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង (២) អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​។ បន្ថែម​ពីនេះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ក៏បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម លើក​ទី​៦ របស់​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ប្តេជ្ញា​ទ្រទ្រង់ និង​ជំរុញ​យន្តការ​កិច្ចសហប្រតិបត្តិការ​នា​នា ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close