សមត្ថកិច្ច ដកហូត​ពពុះសណ្ដែក​មាន​ផ្ទុក​សារធាតុ​គីមី នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់ នៅ​ផ្សារ​ចុងកាល់ ស្ថិតក្នុង​ភូមិករ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​មន្ត្រី​ជំនាញ បានធ្វើ​ការវិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​ចំនួន ៩​គំរូ មានដូចជា​៖ អំបិល​ម៉ត់ ត្រី​ប្រា​ហើម ប្រហុក មី​លឿង ត្រីងៀត សាច់ក្រក ពពុះសណ្ដែក និង​ទំពាំង​ជ្រក់ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ (Borax) ចំនួន ៣​គីឡូក្រាម​។

​មន្ត្រី​ជំនាញ ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close