កូនឈើ​ប្រណីត និង​ឈើ​ផ្កា​ព្រៃ ៤០០​ដើម ត្រូវបាន​ដាំ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត

​ខេត្តសៀមរាប​៖ កូនឈើ​ប្រណីត​សរុប​ចំនួន ៤០០​ដើម រួមមាន​៖ ប្រភេទ​ឈើ​ធ្នង់ ក្រញូង បេង នាងនួន សុ​ក្រំ កូនឈើ​ផ្ការំដួល និង​ថ្កុ​លមាស ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រោម​ប្រធានបទ «​សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន​»​។​

​ឯកឧត្តម ហង់ ពៅ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​អង្គរ​ចាប់ពី​ឆ្នាំ​២០១៤ ជា​ប្រយោជន៍​សម្រាប់​ការរស់នៅ និង​ការអភិរក្ស​ប្រាង្គ​ប្រាសាទ រួមទាំង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផង ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ មុន​កាប់​ដើមឈើ​មួយ​ដើមៗ គួរ​ពិចារណា​ពី​ផលប្រយោជន៍​របស់​ដើមឈើ ហើយ​ចូលរួម​ដាំ​ឡើងវិញ​ទាំងអស់គ្នា និង​ចងចាំ​ថា «​ដើមឈើ​ខ្ញុំ​នៅក្នុង​តំបន់​អង្គរ​» ខណៈ​ជា​គោលដៅ​ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចែកជូន​កូនឈើ​ជាង​១​សែន​ដើម​ឱ្យទៅ​សាធារណជន​យកទៅ​ដាំ​នៅតាម​សហគមន៍ និង​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា គ្រប់គ្នា​តែងមាន​គំនិត​ព្រួយបារម្ភ ពី​ការ​រេច​រិល​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា នាំឱ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការដាំ​ដើមឈើ​ឡើងវិញ តែ​សូម​តាំងស្មារតី​ឡើង​ដើម្បី​រួមគ្នា​ជាថ្មី ប្រយុទ្ធប្រឆាំង​ការបំផ្លាញ​ព្រៃឈើ ឱ្យស្រប​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​ដាំ​ដើមឈើ​ឱ្យបាន​រាប់ម៉ឺន​ហិកតា រាប់លាន​ដើម​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ស្រុកទេស​មាន​សុខសន្តិភាព ដូច្នេះ​សូមកុំ​ឱ្យមាន​ត្រឹម​ទស្សនៈ​ស្រឡាញ់​ដើមឈើ តែ​មិន​ដាំ ហើយ​នាំ​តែ​គ្នា​បំផ្លាញ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close