រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត ករណី​នាំចូល​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០១​នាក់​ទៀត លើ​បងប្អូន​ខ្មែរ​ដែល​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ​។​

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា អ្នកជំងឺ​កូ​វីដ​១៩ ដែល​ទើប​រកឃើញ​នេះ ជា​បុរស​ជាន​ជាតិខ្មែរ​អាយុ ២៥​ឆ្នាំ មាន​អាស័យដ្ឋាន នៅ​សង្កាត់​ច្រាំង​ចំ​រះ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ បុរស​នេះ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី និង​បាន​បន្ត​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧៖២៥​នាទី​ល្ងាច​។

​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា ចំពោះ​អ្នកដំណើរ​ចំនួន​៦៩​នាក់ ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ កំពុង​ត្រូវបាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជំ​ពូរ​វ័​ន្ត ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​១៦៦​នាក់ (​ស្ត្រី ៤០​នាក់ និង​បុរស ១២៦​នាក់​) ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន ១៣៣​នាក់ (​ស្រី ៣៩​នាក់ និង​បុរស ៩៤​នាក់​) អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​៣៣​នាក់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close