ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ករណីជិះម៉ូតូលឿន ជ្រុលបុករថយន្តពេញទំហឹង

ភ្នំពេញ៖ យ៉ាងហោចណាស់បុរសចំនួន ៣នាក់ ខណៈជិះម៉ូតូឌុបគ្នា ចេញពីកន្លែងផឹកស៊ី បានវ៉ាជែងក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។ ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1R-8990 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើ បានវ៉ាជែងរថយន្ត១គ្រឿង ស្រាប់តែជ្រុលបុកយ៉ាងពេញទំហឹងចំពីមុខរថយន្តសាំយ៉ុង១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-1947 ដឹកអ្នកដំណើរ ទិសដៅច្រាសគ្នា ខ្ទាតអូសទាំងម៉ូតូ និងមនុស្សលើថ្នល់ បណ្ដាលឲ្យស្លាប់ និងរបួសតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយបន្ត។ ដោយឡែកសព ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។