ក្រសួងពីរ បើកកិច្ចពិភាក្សាអំពីបច្ចុប្បន្នភាព នៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ នៅកម្ពុជា

ភ្នំពេញ៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលកន្លងទៅ គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបានការនាំចូលសត្វខុសច្បាប់។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងបំណងចំបង គឺដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។