អាជ្ញាធរ ប្រគល់​ប័ណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១២​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣

​ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលាសង្កាត់​ផ្សារ​ថ្ម​ទី​៣ មាន​ប្រារព្ធ​ពិធី ប្រគល់​ប័ណ្ណ​សមធម៌ គ្រឿងឧបភោគ​បរិភោគ រួមទាំង​ថវិកា ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ១២​គ្រួសារ ជា​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​

​ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល​នេះដែរ ក៏បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មួយ​គ្រួសារៗ ទទួលបាន ថវិកា​២០,០០០​រៀល អង្ករ​ចំនួន ២៥​គីឡូក្រាម​, មី​ជាតិ​ចំនួន ០១​កេស​, សាប៊ូ​លាងដៃ​ចំនួន ០៤​ដុំ​តូច​, ទឹកត្រី ០១​យួរ និង ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ គណៈអធិបតី ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close