ជនជាតិចិន បើករថយន្តជ្រុលបុកកុងតឺន័រពេញទំហឹង ស្លាប់២នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត ជ្រុលបុករថយន្តកុងតឺន័រពេញទំហឹង កាលពីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3A-2928 ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុខាងលើ ក៏មានរថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2-AR 3975 បើកបដោយជនជាតិចិន មានគ្នា៤នាក់ (មានស្ត្រីខ្មែរម្នាក់) បើកច្រាសគ្នាក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុកកុងតឺន័រនោះ ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ ជនជាតិចិន២នាក់ និងរងរបួសធ្ងន់២នាក់ទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានវាស់វែង និងយករថយន្តទាំងពីរយកទៅរក្សាទុក។ ដោយឡែកសព បានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរីឯអ្នករងរបួស បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។