ផ្ទះមនុស្សធម៌ ១ខ្នង ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ នៅឃុំសំរោងយា ស្រុកពួក

ខេត្តសៀមរាប៖ កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ដែលផ្ដួចផ្ដើមដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបានការជួយឧបត្ថម្ភពី ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាំវ។

ផ្ទះមនុស្សធម៌នេះ មាន ៦ម៉ែត្រx៦ម៉ែត្រ មានពីបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៤ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនគាត់ទំហំ ៩ម៉ែតx១៤ម៉ែត្រ ត្រូវបានប្រគល់ជូនគ្រួសារលោក គី រី អាយុ៦៥ឆ្នាំ (ពិការជើងឆ្វេង) និងភរិយាឈ្មោះ ញ៉ឹក ម៉ុន អាយុ៥៩ឆ្នាំ មានសមាជិកគ្រួសារ៩នាក់ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នដើរស៊ីឈ្នួលគេ គ្រាន់បានចំណូលខ្លះដោះស្រាយជីវភាពគ្រួសារ។
ក្នុងឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាមផ្ទះមនុស្សធម៌ទី ៧៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។