រុស្ស៊ី​រំពឹងថា នឹង​អាច​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ខែកញ្ញា​ខាងមុខ

​រុស្ស៊ី​៖ នាយក​ប្រតិបត្តិ​មូលនិធិ Russian Direct Investment Fund (RDIF) គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​លោក Kirill Dmitriev បាន​បញ្ជាក់ថា រុស្ស៊ី​អាច​នឹងមាន​វ៉ាក់សាំង COVID-19 នៅ​ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខ នេះ​បើតាម​សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។​

​ទន្ទឹមគ្នា លោក Kirill Dmitriev ក៏បាន​ច្រានចោល​ការចោទប្រកាន់​ពី​សំណាក់​សហរដ្ឋ​អាម៉េរិក កាណាដា និង​អង់គ្លេស ដែលថា រុស្ស៊ី​កំពុង​ព្យាយាម​លួច​ទិន្ន ន័យ​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ និង អភិវឌ្ឍ​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​ដទៃ ។ លោក​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​ក៏​មិនចាំបាច់​ត្រូវ​លួច​ព័ត៌មាន​វ៉ាក់សាំង COVID-19 នោះដែរ ដ្បិត​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន AstraZeneca មាន​មូលដ្ឋាន​ក្នុង​អង់គ្លេស ដើម្បី​ផលិត​វ៉ាក់សាំង នៅឯ​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​មួយ​របស់​រុស្ស៊ី R-Pharm ។​

​យ៉ាងណាមិញ ក្រុមហ៊ុន AstraZeneca មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ជុំវិញ​ការអះអាង​របស់លោក Kirill Dmitriev ខណៈ​ក្រុម​អ្នកជំនាញ​លោកខាងលិច​ដូចជា​លោក Peter Shapiro ជា​អ្នកវិភាគ​ឱសថ​មកពី​ក្រុមហ៊ុន GlobalData នៅតែមាន​មន្ទិលសង្ស័យ​ពី​សមត្ថភាព​របស់​រុស្ស៊ី ក្នុង​ការផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង នៅ​ខែកញ្ញា​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close