ឯកឧត្តម គៀត ចន្ទ័ថារិទ្ធ ឲ្យមន្ត្រីជំនាញចុះណែនាំម្ចាស់ផ្ទះជួល មានជនបរទេសស្នាក់នៅ ចូលរួមចុះឈ្មោះឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តាប់របាយការណ៍របស់ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ស្តីពីដំណើរការរបស់ប្រព័ន្ធ (FPCS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋាន មានប្រសាសន៍លើកឡើង ពីដំណើរការរបស់ប្រព័ន្ធ (FPCS) ដែលធ្វើកន្លងមកថា មានលក្ខណៈល្អប្រសើរ និងបានកែសម្រួលនូវចំណុចខ្វះខាតមួយចំនួនរួចហើយ។

បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ឲ្យមន្ត្រីជំនាញ បន្តសិក្សាបន្ថែមលើការគ្រប់គ្រងប្រព័ន្ធ (FPCS) ដើម្បីឲ្យមានភាពងាយស្រួល ជាពិសេសការការពារ ថែទាំ តាមលក្ខណៈបច្ចេកវិទ្យា និងការរក្សាទិន្នន័យ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានឲ្យមន្ត្រីជំនាញបន្តណែនាំដល់ម្ចាស់លំនៅដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ខុនដូ ដែលមានជនបរទេសស្នាក់នៅ ចូលរួមចុះឈ្មោះឲ្យបានត្រឹមត្រូវ សហការតាមផ្នែកច្បាប់ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រងការស្នាក់នៅ គោលដៅដែលមានជនបរទេសស្នាក់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។