កម្ពុជា​-​ចិន ប្រកាស​ជា​ផ្លូវការ លើ​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ជាមួយ​ឯកឧត្តម ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ប្រកាស​ជា​ផ្លូវការ​នៃ​ការបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន តាម​ប្រព័ន្ធ​វីដេអូ​។​

​ក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែលជា​កិច្ចព្រមព្រៀង​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យូរអង្វែង​ជា​ប្រពៃណី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។

​ការបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដោយ​ជោគជ័យ ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​នេះ បានបង្ហាញ​ពី​ឆន្ទៈ​នៃ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត និង​ទូលំទូលាយ ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ និង​សេវា ការជំរុញ​ការវិនិយោគ​ទូលំទូលាយ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួនទៀត​ផងដែរ​។​
​
ជា​ជំហាន​បន្ទាប់ ភាគី​ទាំងពីរ​នឹង​អនុវត្ត​នីតិវិធី​ផ្ទៃក្នុង​រៀងៗ​ខ្លួន ដើម្បី​ឈានទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅក្នុង​ឆ្នាំ​២០២០ នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close