ថ្ងៃនេះ កម្ពុជា ប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ២៦​នាក់​បន្ថែមទៀត ដែលជា​ករណី​នាំចូល ខណៈ​មាន​អ្នកជា​សះស្បើយ​៤​នាក់

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន ប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​២៦​នាក់​ថ្មី​ទៀត ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​៤​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន​២៦​នាក់​នេះ ក្នុងនោះ​ជា​បុរស​ជនជាតិខ្មែរ ដែល​ត្រឡប់​មកពី​សិក្សា​នៅ​រុស្ស៊ី និង​ប្រទេស​អេ​ហ្ស៉ី​ប​ចំនួន​២៥​នាក់ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ​មកពី​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​រួចរាល់​ហើយ​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​បើតាម​ក្រសួងសុខាភិបាល​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង​២៦​នាក់​នេះ មាន​២៥​នាក់​ធ្វើដំណើរ​មកពី​សិក្សា​នៅ​ប្រទេស​រុស្ស៊ី និង​អេ​ហ្ស៊ី​ប តាម​ជើងហោះហើរ​មកពី​ប្រទេស​រុស្ស៊ី ដោយ​បន្តដំណើរ​តាម​ជើងហោះហើរ​តាម​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។ ចំណែក​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ អាយុ​៦៥​ឆ្នាំ ធ្វើដំណើរ​ប្រទេស​កូរ៉េខាងត្បូង ចូលមក​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។​ ​អ្នកដំណើរ​ដែល​រួម​ដំណើរ​លើ​យន្តហោះ​ទាំង​២ សរុប​ចំនួន​២២៨​នាក់​ផ្សេងទៀត ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​តាមដាន​បន្តទៀត​។​

​ដោយឡែក​សម្រាប់​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​៤​នាក់ ក្នុងនោះ​មាន​៣​នាក់​ជា​បរុស​ជនជាតិ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​អា​រ៉ា​ឌី​សា​អូឌីត និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ។ អ្នកជា​សះស្បើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​២​លើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close