សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំ ស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់ នៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងអគ្គនាយករង ក្នុងនោះរួមមានឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃជាច្រើនរូបទៀត។
អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំ ស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាថ្ងៃនេះបានធ្វើឡើងតាមសំណើអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សម្ដេចបានមានប្រសាសន៍ថាក្នុងរយៈពេលមួយវែងសមគួរកន្លងមក ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែយើងបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាបៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។