អាជ្ញាធរ​ខេត្ដ​សៀមរាប គ្រោង​បង្កើត​ព្រឹ​ត្ដិ​ការណ៍​សាសនា និង​ព្រឹ​ត្ដិ​ការណ៍​កីឡា នៅ​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​

​ខេត្ដ​សៀមរាប​៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ដ​បន្ដ​ឆមាស​ទី​២​ឆ្នាំ​២០២០ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​មន្ដ្រីរាជការ​និយោជិត​កម្មករ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី​ប្រពៃ​ខ្មែរ ដែល​រដ្ឋាភិបាល​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​ជួបជុំគ្នា​ដោយសារ​ប​ញ្ហ​ជំងឺ​កូ​វីដ​១៩ កាលពី​ខែមេសា​ឆ្នាំ​២០២០​កន្លងមក​។​

​ដូច្នេះ​ក្នុង​ថ្ងៃ​សង​ថ្ងៃ​ឈប់សម្រាក​នេះ រដ្ឋបាលខេត្ត គ្រោង​ដាក់ពាក្យ​ស្នើសុំ​ទៅ​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល ដើម្បី​ស្នើរ​សុំ​រៀបចំ​កម្មវិធី​សាសនា និង​បង្កើត​ព្រឹ​ត្ដិ​ការណ៍​កីឡា​ផ្សេងៗ នៅក្នុង​ក្រុង​សៀមរាប​រយៈពេល​២​ថ្ងៃ ក្នុងចំណោម​៥​ថ្ងៃ​នៅ​ខែសីហា​ខាងមុខនេះ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទស្សនា​កំសាន្ដ ហើយ​តាមរយៈ​ព្រឹ​ត្ដិ​ការណ៍​នេះ ប្រតិបត្តិ​ករ​ទេសចរណ៍ នឹងត្រូវ​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ដែរ ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ និង ភោជនីយដ្ឋាន ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ ។​

​ឯកឧត្ដម​អភិបាលខេត្ដ បាន​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចូលមក​ទស្សនា​ចំនួន​ត្រឹមតែ ៣៨៧.៨៤០​នាក់​ប៉ុណ្ណោះ ថយចុះ​រហូតដល់​៦៨,៨៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ដែលមាន​សរុប​ចំនួន ១.២៣៣.៨៤០​នាក់ ហើយ​ការធ្លាក់ចុះ​នេះ គឺ​បានចាប់ផ្ដើម​ពី​អំឡុងពេល នៃ​ការបិទ​ជើងហោះហើរ​ចូលមក​កាន់​ខេត្តសៀមរាប​នា​ចុងខែ​មីនា ឆ្នាំ​២០២០​នេះ ដែល​ធ្វើឱ្យ​បងប្អូន​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្តសៀមរាប បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាខ្លាំង​ក្នុង​អាជីវកម្ម​របស់ខ្លួន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close