ដំណាំ​ផ្កាចន្ធូ អាច​រកប្រាក់​ចំណេញ​ជាង ៨​លាន​រៀល ក្នុង​១​ឆ្នាំ​

​ខេត្ត​ត្បូងឃ្មុំ​៖ ការដាំដុះ​ដំណាំ​ផ្កាចន្ធូ របស់​កសិករ​ឈ្មោះ ហ៊ឹង ប៊ុនហេង នៅ​ភូមិ​អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ដែល​បាន​ដាំ​ផ្កាចន្ធូ លើ​ផ្ទៃដី​តូច ដែលមាន​ទំហំ​តែ​កន្លះ​ហិកតា​តែប៉ុណ្ណោះ អាច​រកប្រាក់​ចំណេញ​ជាង ៨​លាន​រៀល ក្នុង​១​ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

បើតាម​លោក ហ៊ឹង ប៊ុនហេង ជា​ម្ចាស់​ចំការ​ដំណាំ​ផ្កាចន្ធូ បាន​រៀបរាប់ថា ដំណាំ​ផ្កាចន្ធូ បាន​ដាំ​រយះពេល​មួយឆ្នាំ មកហើយ ចំណាយ​ថវិកា​ទិញ​ពូជ ជី អង្កាម និង​ប្រេង​បូមទឹក អស់​ថវិកា​សរុប ៨ ៦៨០ ០០០​រៀល​។ ចំពោះ​ការប្រមូល​ផល​វិញ គឺ​បាន​ធ្វើឡើង ១​សប្តាហ៍​ម្តង ដែល​ទទួលបាន​ប្រាក់ចំណូល ៤០០ ០០០​រៀល ទៅ ៥០០ ០០០​រៀល រៀងរាល់​ថ្ងៃសីល​។​

​លោក បាន​បញ្ជាក់ថា ក្នុង​រយៈពេល​០១​ខែ អាច​កាត់​ផ្កា​ប្រមូល​ផល​បាន​ចំនួន ០៤​លើក (០៤​ថ្ងៃសីល៍​ក្នុង​មួយខែ​) ដោយ​ដឹក​យកទៅលក់ នៅក្រៅ​ខេត្ត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ទីក្រុង​ភ្នំពេញ និង​ពេលខ្លះ​ឈ្មួញ​មក​ទទួល​ទិញ​ដល់ផ្ទះ ដោយ​០១​ឆ្នាំ ចំណូល​ពី​ការ​លក់បាន​ចំនួន ១៧ ២០០ ០០០ រៀល ចំណេញ​សរុប​បាន​ចំនួន ៨ ៥២០ ០០០​រៀល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close