បើទោះជាមាន​ការ​បង្រ្កាប តែទីតាំងល្បែង​ទឹកភ្លៀង​នៅ​ខាងក្រោយ​ផ្សារ​ភូពុយក្រុងបាត់ដំបងនៅ​តែដំណើរ​ការ

ល្បែង​ទឹកភ្លៀង​នៅខាងក្រោយ​ផ្សារ​ភូពុយ​ក្នុង​​ក្រុង​បាត់ដំបង​នៅ​តែ​ត្រូវ​គេ​បើក​លេង​ជា​ធម្មតា បើ​ទោះ​ជា​កាលពីពេលថ្មីៗ​នេះអាជ្ញាធរ​បាន​ចុះ​ធ្វើ​ការ​បង្រ្កាប​ទីតាំង​​​នោះក៏​ដោយ ក៏​វា​នៅ​តែ​បើក​ដំណើរ​ការ​ឡើងវិញ ដែលហាក់បីដូចជាការបង្រ្កាបកាលពីដើមខែកក្កដានោះ​គ្រាន់តែ​ល្អមើល បំភ័ន្តភ្នែក​សាធារណជនប៉ុណ្ណោះ។

យោង​តាម​សេចក្តី​រាយការណ៍ ទីតាំង​ល្បែងភ្នាល់ទឹកភ្លៀងស្ថិត​នៅ​ខាងក្រោយផ្សារ​ភូពុយនេះ នៅតែមាន​លេង​ ដោយ​​មាន​ការលេងភ្នាល់​រហូត​ដល់​រាប់លាន​រៀល​ទៀតផង ដោយ​មាន​មេកា​ម្នាក់​ដែលគេ​ស្គាល់ឈ្មោះថា ឆ្នោតជុំ ជា​មេកា​មើល​ការ​ខុស​ត្រូវ។

ចំពោះ​ករណីនេះ យើង​មិន​ទាន់អាច​ទាក់ទង​សុំ​ការ​បំភ្លឺពី​លោក ឆាង វណ្ណឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង ក៏​ដូចជា​លោក អ៊ុច សុខុន អធិការនគរបាល​ខេត្ត​បាត់ដំបង​បាន​ទេ​នៅ​ថ្ងៃនេះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​សម្តែង​ក្តី​រំពឹងថា សមត្ថកិច្ច​ខេត្តបាត់ដំបង​នឹង​ចុះ​បង្រ្កាប​ទីតាំងនេះ​មិន​ឲ្យ​ដំណើរ​ការ​បានតទៅទៀត ព្រោះ​ថា ល្បែង​ស៊ីសង​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​កើត​ជា​អំពើ​ចោរកម្ម​នៅ​មូលដ្ឋាន ដែល​វា​ផ្ទុយ​ផង​ដែរ​ទៅនឹង​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close