ក្រសួង​សាធារណការ គ្រោង​ចំណាយ​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ សាងសង់​ទីលាន​ចាក់សំរាម ក្នុង​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​អនុ​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ក្របខណ្ឌ​ថវិកាជាតិ​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ក្នុង​ខេត្ត ព្រះសីហនុ​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៥.៣១៣.៤៦៣​ដុល្លារ​សហ​អាមេរិក ជា​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០២០ មាន​រយៈពេល​សាងសង់​១៧​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ លើ​ផ្ទៃដី​១៧,៣៣​ហិកតា លើ​ផ្ទៃដី​សរុប ៥១ ហិកតា​ដែល រដ្ឋបាលខេត្ត​ព្រះសីហនុ​ផ្តល់ជូន ឋិត​នៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤​។​

​គម្រោង​ទីលាន​ចាក់សំរាម​ថ្មី​នេះ សាងសង់ឡើង​ដើម្បី​បំពេញតម្រូវការ​រយៈពេល​៥​ឆ្នាំ​ដំបូង មាន សមត្ថភាព​អាច​ផ្ទុក​សំរាម​បាន​ចំនួន ៨៨៤.០៨៨ ម៉ែត្រ​គីប មាន​រណ្ដៅ​ចំនួន​បួន រណ្ដៅ​នីមួយៗ​មាន ទទឹង​គិត​ជា​មធ្យម​១៣០ ម៉ែត្រ និង​បណ្ដោយ​១៥០​ម៉ែត្រ ជម្រៅ​ចាប់ពី​២-៤​ម៉ែត្រ មាន​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ចាប់ពី​បាត​រណ្ដៅ ប្រព័ន្ធ​ប្រមូល​ទឹក​កខ្វក់​ពីរ​ណ្ដៅ​ចាក់សំរាម បំពង់​បញ្ចេញ​ឧស្ម័ន​ពុល​ផងដែរ​។​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ តាមដាន​និង​វាយតម្លៃ​ផែនការ​សកម្មភាព​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​សម្រេច​គោលដៅ​តាម​ការគ្រោងទុក និង​បាន​ណែ​នាំឱ្យ​សមាជិក សមាជិកា​នៃ​គណៈកម្មការ​គ្រប់គ្រង​ការងារ​អនុ​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម បង្កើន​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង បច្ចេកទេស ដើម្បី​ធានា​ឱ្យ​គម្រោង​ដំណើរការ​ទៅ​ប្រកបដោយ​ភាពរលូន​។​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ បានឱ្យដឹង​ផងដែរ​ថា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​របស់ ខ្លួន​ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​សំរាម និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​សុខមាលភាព សាធារណៈ និង​បរិស្ថាន​កាន់​តែមាន​ភាពប្រសើរឡើង ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស នៅក្នុង​ខេត្ត​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close