ក្រសួងទេសចរណ៍ ឲ្យ​បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ថ្ងៃ​ឈប់សម្រាក សង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​

​ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ (​ជំហាន​ទី​១) សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រយៈពេល​១​ខែ អម​ជាមួយនឹង​ការប្រកាស​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម TELEGRAM ដែល​បាន​រៀបចំឡើង​នៅ​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​ការចូលរួម​ពី​អភិបាលរង​ទាំង​២៥​រាជធានី​-​ខេត្ត រួមទាំង​មន្ត្រី​មន្ទីរ​ទេសចរណ៍ គ្រប់​បណ្តា​ខេត្ត និង​ផ្នែក​ឯកជន​ជាច្រើនរូប​ផងដែរ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ដែល​ក្រុមការងារ​ទាំងអស់​សម្រេច​បាន​ក្នុង​​រយៈពេល​ជាង​១​ខែ​កន្លងមក ដែល​បាន​អនុវត្ត​វិធាន​សុវត្ថិភាព ទេសចរណ៍ និង​បាន​បញ្ជ្រាប​ការផ្សព្វផ្សាយ​អនុវត្ត​ឱ្យដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ដែលជា​ការឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែលជា​សុខភាព និង​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​ជាសំខាន់​ស្រប​
​តាម​អនុសាសន៍​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​ឯកឧត្ដម​តែងតែបាន​រំលឹក​ដាស់តឿន​ថា កុំឱ្យ​យក​ជីវិត​របស់​ប្រជាពលរដ្ឋ​ទៅលេង​សើច​ឱ្យសោះ​។​

​ជាមួយគ្នា​នោះ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​បន្ថែមទៀត សម្រាប់​ការរៀបចំ​ផែនការ​អនុវត្ត​បន្ត​ឱ្យមាន​ប្រសិទ្ធភាព​មានដូចជា​៖
* ទី​១៖ ណែនាំ​ដល់​នាយកដ្ឋាន​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ធ្វើការ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ជម្រុញ​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០១៥ ស​ណន ស្តីពី​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ស្របតាម​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នាឱកាស​ថ្ងៃ​ឈប់សម្រាក ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឱ្យដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​
* ទី​២៖ ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង​
២៥ ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ដំណាក់​​កាលវិបត្តិ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព និង​ការទទួលខុសត្រូវ និង​ដើម្បី​ត្រៀម​ទទួល​ការធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នាឱកាស​ថ្ងៃ​ឈប់ សម្រាក ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មកដល់​នាពេល​ឆាប់ៗ​នេះ​
* ទី​៣៖ ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង​២៥ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គោលដៅ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ចំពោះ​ការអនុវត្ត​វិធាន​សុវត្ថិភាព និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​ដូចដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក និង​បន្ត​ពង្រឹង​
​គុណភាព​ភាព​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​
*​ទី​៤៖ ពង្រឹង​ការអនុវត្ត​ប្រព័ន្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម TELEGRAM ដែលជា​ការ​​ចូលរួម​ក្នុង​យន្តការ​ថែរក្សា​សុវត្ថិភាព វិធានការ Quarantines ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អត្តសញ្ញាណ​ភ្ញៀវទេសចរ​ក្នុងករណី​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​រត់គេច​ពី​ការ​Quarantine ដែល​អាច​នាំឱ្យ​មានការ​ចម្លង​នៅក្នុង​សហគមន៍​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន ក៏បាន​ក្រើនរំលឹក​ដល់​ផ្នែក​ ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បន្ត​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួង​​សុខាភិបាល និង​ក្រសួងទេសចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ការពារ​និង​រក្សាបាន​នូវ​សុវត្ថិភាព​ទំនុកចិត្ត និង​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close