បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ នៅ​ខេត្តកំពង់ឆ្នាំង ធ្វើ​ឲ្យ​កសិករ​មាន​ជីវភាព​ប្រសើរ​ឡើងជា​លំដាប់​

​ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា ការរីកចម្រើន​ធំធាត់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ របស់​បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើ​ឲ្យ​សមាជិក​បណ្តុំ កាន់​តែមាន​ជីវភាព​ប្រសើរ​ឡើងជា​លំដាប់​។

​សូមបញ្ជាក់ថា បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ​នៅ​ភូមិ​ត្រពាំង​ក្រពើ ទទួលបាន​ការបំពាក់​បំប៉ន និង​ជួយ​គាំទ្រ​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​ថវិកា​មួយចំនួន របស់​គម្រោង​កម្មវិធី​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​និង​កា​រប​ម្រួ​ល​អាកាសធាតុ ដែល​ហៅ​កាត់​ថា ASPIRE ។

​ជា​លទ្ធផល​ដែល​ទទួលបាន​គឺ​៖ ក្រោយពី​បានចាប់ផ្តើម​ចងក្រង​ជា​សមាជិក​បណ្ដុំ​គ្រួសារ​កសិករ​ពីដំបូង​មាន​ចំនួន​៣៩​គ្រួសារ ហើយ​មកទល់​បច្ចុប្បន្ន​នេះ​មាន​សមាជិក​បាន​កើនឡើង​រហូតដល់​ចំនួន​៥៤​គ្រួសារ​មាន​ផ្ទៃដី​សរុប​១៦​ហិកតា​បាននិងកំពុង​រៀបចំ​ផែន​ការដាំ​ខ្ទឹម​ស្លឹក​ជា​បន្តបន្ទាប់ ហើយ​កសិករ​ខ្លះ​បាន​ប្រមូល​ផល​លក់​ទៅ​ទីផ្សារ​ក្នុងតម្លៃ ៥០០០៛ ក្នុង​មួយ​គីឡូក្រាម រីឯ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​សមាជិក​បណ្តុំ​កសិករ​នៅ​ទីនោះ អាច​ទទួលបាន​ពី ២ ០០០ ទៅ ៥ ០០០ ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ អាស្រ័យទៅលើ​ទំហំ​ដី​របស់​សមាជិករ​បណ្តុំ​កសិករ នៃ​គ្រួសារ​និ​មួយៗ ។

​សូមបញ្ជាក់​បន្ថែមថា មកទល់​ឆ្នាំ ២០២០ នេះ គម្រោង​កម្មវិធី​បច្ចេក​ទេស​កសិកម្ម​ថ្មី​ដែល​ធន់​និង​កា​រប​ម្រួ​ល​អាកាសធាតុ បាន​ពង្រីក​សកម្មភាព​របស់ខ្លួន​រហូតដល់ ២៤ ខេត្ត ដែល​ទទួល​ហិរញ្ញប្បទាន​សម្បទាន និង​ឥត​សំណង​ពី ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ហៅ​កាត់​ថា IFAD៕​

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close