សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណី​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ខេត្តមណ្ឌលគិរី

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ បានចេញ​សេចក្ដីសម្រេច​ស្ដីពី ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​ការកាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​។ ក្នុង​សេចក្ដីសម្រេច​នេះ មាន​យោង​លើ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៨ ខែ​កក្ដ​ដា ឆ្នាំ​២០២០​។

​បើតាម​ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​អោយដឹងថា យ៉ាងហោចណាស់​មាន មន្ត្រី​ពាក់ព័ន្ធ​ជាង ២០ នាក់ រួមទាំង អភិបាលខេត្ត មណ្ឌល​គី​រី អភិបាលស្រុក​កោះ​ញែក ស្រុក អូររាំង សមាជិក​ព្រឹទ្ធសភា ឧត្ដមសេនីយ៍ ។​ល​។ ត្រូវបាន​ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី គោរព​ស្នើសុំ​គោលការណ៍​ពី សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​កែសម្រួល​ភារកិច្ច និង ដកហូត​មុខតំណែង ព្រោះ​ពាក់ព័ន្ធ​នឹង​ការ​គប់គិត​គ្នា​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​។

​ចំណែក​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ត្រូវបាន​ដកហូត​មុខតំណែង និង​ចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​ច្រើនជាង ១០០០ ហិកតា​។

​មហាជន​មានការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​មន្ត្រី​ទន្ទ្រាន​យក​ដី​រដ្ឋ​ទាំងនោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close