អាជ្ញាធរ ចុះផ្អាកអាជីវកម្មមណ្ឌលកំសាន្ត៣កន្លែង ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរក្រុងសៀមរាប បានចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ KTV) ចំនួន០៣កន្លែង គឺទី១-ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV ទី២-ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV និងទី៣-ខារ៉ាអូខេ សំនៀងគ្រួសារ Samnieng Krousar KTV។

សូមជម្រាបថា មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំង៣កន្លែងនេះ មានទីតាំងនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប គឺមិនមានច្បាប់អនុញ្ញាតអាជីវកម្ម បានលួចបើកអាជីវកម្ម ល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ផងដែរ។
ជាមួយគ្នា ក្រុមការងារចម្រុះ បានធ្វើកំណត់ហេតុកិច្ចសន្យាណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួនជាបន្ទាន់ ហើយត្រូវដាក់ពាក្យស្នើស៉ំច្បាប់អនុញ្ញាតុអោយបានត្រឹមត្រូវ រហូតដល់មានការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានឡើងវិញ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។