ថ្ងៃនេះ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤នាក់ទៀត ជាកងទ័ពមួកខៀវកម្ពុជា ទើបត្រឡប់ពីប្រទេសម៉ាលី

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤នាក់នេះ មានស្ត្រីម្នាក់ រួមមាន៖
* បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
* បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប
* ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ (ស្រី ០៧នាក់) ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលីមកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជា ជាតិនៅខេត្តកំពង់ស្ពឺ។ ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់នេះ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២០២នាក់ (ស្ត្រី៤៤នាក់ និងបុរស១៥៨នាក់) ក្នុងចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៤២នាក់ (ស្រី៣៩នាក់ និងបុរស១០៣នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។