ឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់ ពីបទឆបោកមាស ក្នុងផ្សារសាមគ្គីក្រគរ នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកក្រគរ បានឃាត់ខ្លួនស្ត្រីម្នាក់ ករណីឆបោកមាសរបស់អាជីវករ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារសាមគ្គីក្រគរ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ឡេង គឹមហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជាអាជីវករលក់មាស នៅភូមិផ្សារឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រកដ នៅផ្ទះបណ្ដែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះ និយាយថា មុនពេលកើតហេតុគាត់ កំពុងអង្គុយលក់មាស និងដូរលុយ នៅក្នុងតូបផ្សារសាមគ្គីក្រគរ ក៏មានជនសង្ស័យ បានយកមាសកាឡៃ មកដូរនឹងខ្សែករបស់គាត់ទម្ងន់១តម្លឹងមាសសុទ្ធ ដោយឃើញមិនប្រក្រតី គាត់ក៏ស្ទុះចាប់កអាវស្ត្រីម្នាក់នេះ ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។