ក្រសួង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង និង​រលក​ធំៗ ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃទី​៤ សីហា

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស​របស់​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​

​ក្រសួង​បានបញ្ជាក់​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​មកលើ​កម្ពុជា​។ ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។​
​ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ ជាមួយនិង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង ។​

២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

​ក្រសួង បាន​អំពាវនាវ​សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចាប់ពី​ថ្ងៃទី ៣១ ខែកក្កដា ដល់​ថ្ងៃទី ០៤ ខែសីហា ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ទី​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​។ ដោយឡែក​នៅលើ​ផ្ទៃសមុទ្រ​នឹង​អាច មាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃទី ០១-០៣ ខែសីហា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close