ឯកឧត្តម ប៉ាន សូរ​ស័ក្តិ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ថ្មី​

​កំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មន្ទីរ​ពាណិជ្ជកម្ម​ដ៏​ថ្មីស្រឡាង​មួយ​នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​មន្ត្រី​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។​

​ពិធី​សម្ពោធ​អគារ​ថ្មី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ និង​ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​ឯកឧត្ដម លោកជំទាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម និង​ខេត្តកំពង់ស្ពឺ​ជាច្រើនរូប​ទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ណែនាំ និង​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក​ចំណេះ​ដឹងខ្លួន​បន្ថែមទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការសិក្សា​បន្ថែម ការស្រាវជ្រាវ និង​ដកស្រង់​នូវ​បទពិសោធន៍​ពី​មន្ត្រីរាជការ​នៅ​ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បន្តធ្វើ​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។ ជាពិសេស​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ដាក់ចេញ​គោលនយោបាយ​ពាណិជ្ជកម្ម សំដៅ​ជួយ​សម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ដល់​ការនាំចេញ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close