អាជ្ញាធរខេត្តសៀមរាប ត្រៀមកម្មវិធីកំសាន្តចំនួន៤ ស្វាគមន៍អ្នកទេសចរ សម្រាប់ថ្ងៃឈប់សម្រាក

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកតាមកិច្ចពិភាក្សា និង ការឯកភាពគ្នាក្នុងអង្គប្រជុំនេះ នៅអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមន្ត្រីរាជ និយោជិត កម្មករឈប់សម្រាកការងាររយៈពេល៥ថ្ងៃ នៅក្នុងខែសីហា ខាងមុខ សម្រាប់សងថ្ងៃបុណ្យចូលឆ្នាំនោះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍កំសាន្ត។

កម្មវិធីសំខាន់ៗចំនួន៤នោះ ដូចជា៖ ១-កម្មវិធីសាសនា, ២-កម្មវិធីអុំទូកកំសាន្ត, ៣-កម្មវិធីជិះកង់តាមតំបន់ប្រាសាទ និង៤-កម្មវិធីដើរព្រៃ ដែលជាការកំសាន្តតាមរមណីយដ្ឋានធម្មជាតិ ដែលមានរយ:ពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំព្រឹត្តិការណ៍កំសាន្តមួយចំនួននៅខេត្តសៀមរាប ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខាងមុខ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត , ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាប , នាយក នាយករងរដ្ឋបាលសាលាខេត្ត , តំណាងអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត , អាជ្ញាធរក្រុង ស្រុក និង វិស័យឯកជនពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺត្រូវអនុវត្តឲ្យបានជាដាច់ខាត តាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក WHO និង ក្រសួងសុខាភិបាល ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ពោលគឺត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។