អាជ្ញាធរ​ជាតិ​អប្សរា បញ្ចុះ​អណ្ដើក​ថ្ម​ថ្មី​មួយគូ ក្នុង​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល ជំនួស​អណ្ដើក​ចាស់​

​សៀមរាប​៖ លោក ម៉ៅ សុខ​នី អ្នកគ្រប់គ្រង​គម្រោងកា​រដ្ឋា​ន​ជួសជុល​ប្រាសាទ​កណ្ដាល នៃ​ប្រាសាទ​ស្រះស្រង់ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ពិធី​បញ្ចុះ​អណ្ដើក​ថ្ម​ថ្មី​មួយគូ​នៅ​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល ឲ្យ​ស្របតាម​អណ្ដើក​ចាស់​និង​តាម​ប្រពៃណី​បុរាណ ហើយ​សត្វ​អណ្ដើក​មួយគូ​នេះ​បាន​ចម្លង​ថ្មី​ពី​សត្វ​អណ្ដើក​ចាស់​ដែល​អ្នកជំនាញ​បុរាណវិទ្យា ប្រទះឃើញ​កប់​ក្រោម​គ្រឹះ​ប្រាសាទ​រាប់រយ​ឆ្នាំកន្លងមក ក្នុងខណៈ​ពេលដែល​កំពុង​ការធ្វើ​កំណាយ ដើម្បី​ជុស​ជុល​ប្រាសាទ​កណ្ដាល​នោះ​ឡើងវិញ ឲ្យ​ដូច​ទម្រង់​ដើម ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​នេះ ។​

​លោក ម៉ៅ សុខ​នី បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​សត្វ​អណ្ដើក​ថ្ម​ចាស់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​ន​រោ​ត្ដម​ព្រះសីហនុ​អង្គរ ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​ស្គាល់ ពី​វត្ថុ​មានតម្លៃ​មហាសាល​មួយ​នេះ ព្រោះ​នៅពេល​យក​វត្ថុ​បុរាណ​ទៅ​កប់​ក្រោម​ដី វា​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​មិនបាន​ស្គាល់ ហើយ​ចំពោះ​របប​គំហើញ​ផ្សេងៗ​ទៀត ដែល​អ្នកជំនាញ​ប្រទះឃើញ​ជាមួយ​សត្វ​អណ្ដើក​ថ្ម​ភួ​ក​នោះ អាជ្ញាធរ​នឹង​ពិធី​ដាក់​បន្ថែមទៀត​ជា​លើកចុងក្រោយ​។​

​កាលពី​ចុងខែ​មេសា​ឆ្នាំ​២០២០​នេះ អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​សត្វ​អណ្ដើក​ធ្វើ​អំពី​ថ្ម​ភួ​ក​មួយគូ និង​វត្ថុ​បុរាណ​ជាច្រើន​បាន​កប់​នៅ​គ្រឹះ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នេះ កំពុង​ធ្វើ​កំណាយ​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ ក្នុងនោះ​មាន​គ្រាប់​ខ្វាត​ពណ៌​ស​ជាច្រើន​រយ​គ្រាប់ , ចម្លាក់​អណ្ដើក​ថ្មភក់​ចំនួន​០២​ក្បាល , រូបចម្លាក់​ក្បាល​នាគ រួម​នឹង​ត្រីសូល៍​ចំនួន​២ ដែល​១​មាន​រូប​ពេញលេញ និង​មួយទៀត​មាន​ត្រឹម​មួយ​បំណែ​កមួយ ព្រមទាំង​ឃើញ​សំណង់​ឈើ​កប់​នៅ​គ្រឹះ​ប្រាសាទ​កណ្ដាល​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close