ឯកឧត្តម ស៊ុន ចាន់ថុល នាំយក​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ ៥​គ្រឿង ជូន​ដល់​មន្ទីរពេទ្យ និង​កាកបាទក្រហមកម្ពុជា​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​-WATERGEN (​ប្រភេទ GEN-M) ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច ជូន​មន្ទីរពេទ្យ​កាល់ម៉ែត ដោយមាន​ការអញ្ជើញ ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ត្រី រាជការ​ក្រោម​ឱវាទ​មន្ទីរពេទ្យ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ម៉ាស៊ីន​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ ជួយ​ឱ្យ​ពួកគាត់​អាច​សន្សំសំចៃ​ថវិកា បាន​មួយចំណែក និង​បាន​បន្ថែមថា​៖ ម៉ាស៊ីន​នេះ​ក៏​អាច​យកទៅ​ប្រើប្រាស់​បាន​នៅតាម​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព​របស់​បណ្ដា​ភូមិ ឃុំ ស្រុក​ទាំងឡាយណា​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​ផងដែរ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ម៉ាស៊ីន​នេះ បាន​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ១​គ្រឿង មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​ចំនួន ១​គ្រឿង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ១​គ្រឿង និង​កាកបាទក្រហមកម្ពុជា​ចំនួន ១​គ្រឿង (​រួម​ជាមួយនឹង​រថយន្ត​ចល័ត និង​ម៉ា​ស៊ី​ង​ភ្លើង មួយឈុត​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅតាម​មជ្ឈដ្ឋាន​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច ជួប​គ្រោះរាំងស្ងួត ឬ​មាន​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ជា​ចាំបាច់​។​

​សូម​ជ​ម្រ​ប​ថា ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​ធម្មជាតិ​-WATERGEN (​ប្រភេទ GEN-M) ជា​បច្ចេកវិទ្យា មកពី​ប្រទេស​អ៊ីស្រាអែល មាន​សមត្ថភាព​អាច​ផលិត​ទឹកបរិសុទ្ធ​ដោយ​ស្វ័យប្រវត្តិ​ពី​ខ្យល់​ក្នុង​បរិយាកាស បាន​ប្រមាណ​៨០០​លីត្រ ក្នុង​មួយថ្ងៃ ដោយ​មិនចាំបាច់​ត​ភ្ជាប់​ជាមួយ​ប្រភពទឹក​ទុយោ និង​អាច​ផ្គត់ផ្គង់​ទឹក ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព​ខ្ពស់ កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ​ថែម​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close