កសិករ​ជាង ៨​ពាន់​គ្រួសារ រងគ្រោះ​ដោ​សារ​ជំងឺ​កូ​វីដ​១៩ មក​ទទួល​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ ពី​ប្រ​ព័​ន្ឋ​ស្បៀង​បំរុង​កម្ពុជា​

​សៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ប្រជាកសិករ​ងាយ​រង​គ្រោះ ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៨.៣៩២​គ្រួសារ មកពី​៤៩​ភូមិ នៅ​ឃុំ​ទាំង​៦ ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប បានទទួល​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ ពី​ប្រ​ព័​ន្ឋ​ស្បៀង​បំរុង​កម្ពុជា ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​។​

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការផ្តល់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​ពី​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា គឺ​ដើម្បី​ជំរុញ​ការដាំដុះ បន្លែ​សុវត្ថិភាព ”​ជា​លក្ខណៈ​គ្រួសារ ជា​ការជួយ​បង្កើត​ការងារ និង​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ងាយ​រងគ្រោះ ជាពិសេស​គ្រួសារ​បងប្អូន​មួយចំនួន​ដែល​ត្រូវ​ផ្អាក​ពី​ការងារ បងប្អូន​ចំណូលស្រុក​មកពី​ប្រទេសជិតខាង​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វី​១៩​ជាដើម ហើយ​ដែល​ការដាំដុះ​នេះ វា​នឹង​ផ្តល់​អត្ថប្រយោជន៍ និង​ផ្តល់​ផលចំណេញ​ដល់​ពួកគាត់​ដោយ​កាត់បន្ថយ​ចំណាយ​ថវិកា​ទៅ​ទិញ​នៅ​ទីផ្សារ ចំណេញ​ដល់​សុខភាព​។​

​ឯកឧត្តម​បណ្ឌិត វង់ សណ្តាប់ បានលើកឡើង​ដែរ​ថា ការអនុវត្ត​ប្រ​ព័​ន្ឋ​នេះ គឺជា​ទស្សនវិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល ដល់​ការលើកទឹកចិត្ត​និង​ជំរុញ​ចលនា​បង្កើន​ការដាំដុះ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង ដែលជា​ពិសេស​នោះ គឺ​ផ្តោតទៅលើ​ការយកចិត្តទុកដាក់​ជាសំខាន់​ជួយ​ដល់​ប្រជាកសិករ​គោលដៅ​ជា​អាទិភាព ដែល​កំពុង​ប្រឈម​និង​ជីវភាព​ខ្វះខាត ឲ្យ​មានលទ្ធភាព​រកប្រាក់​ចំណូល​គ្រួសារ តាមរយៈ​នៃ​ការដាំដុះ​ផលដំណាំ បន្ថែម​ពីលើ​ការងារ​បង្កបង្កើនផល​ស្រូវ​ស្រែ​នោះ ហើយ​ការចែកជូន​នេះ មិនបាន​កំណត់​ចំនួន​គ្រួសារ​នោះទេ តែ​ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ជាក់ស្តែង​។​

​សូមបញ្ជាក់ថា កម្មវិធី​ប្រ​ព័​ន្ឋ​ស្បៀង​បម្រុង​កម្ពុជា ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៦ ហើយ​បើ​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ បាន​ចែក​ពូជ​បន្លែ​ដោយ​ឥ​យ​គិតថ្លៃ​ដល់​ប្រជាកសិករ​ដែលមាន​បំណង​ដាំ​ដុះ​បន្ថែម និង​កសិករ កម្មករ​ដែរ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន ៣៥៧.៥១៤ គ្រួសារ នៅក្នុង​ខេត្ត​ចំនួន​១៥​ខេត្ត ស្មើនឹង​៩៩​ស្រុក ហើយ​​សម្រាប់​ខេត្តសៀមរាប ការផ្តល់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ស្រុក​ចំនួន​៣​គឺ ស្រុក​ស្រីស្នំ , ស្រុក​វ៉ារិន និង​ស្រុក​អង្គរជុំ ដែលមាន​បងប្អូន​ប្រជាកសិករ នឹង​ទទួលបាន​ចំនួន ២១.១៧៨​គ្រួសារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close