វៀតណាម ប្រកាសរកអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ក្រុងដាណាង ៨នាក់ទៀត
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធទី២៩ កក្កដានេះ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ចំនួន៨នាក់ថ្មីទៀត នៅទីក្រុងដាណាង នាំឲ្យការឆ្លងក្នុងសហគមន៍នៅតំបន់នេះ កើនដល់៣០ករណីហើយ ចាប់តាំងពីចុងសប្តាហ៍មក។ ប្រភពថា អ្នកឆ្លងទាំង៨នាក់នេះមានទំនាក់ទំនងជាមួយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យចំនួន៣ ក្នុងក្រុងដាណាង។
វៀតណាម បានវិលត្រលប់មករកការប្រុងប្រយ័ត្នដ៏ខ្ពស់វិញ ក្រោយអាជ្ញាធរបានប្រកាសកាលពីថ្ងៃសៅរ៍ ពីករណីឆ្លងថ្មីៗ នៅដាណាង ជាការឆ្លងក្នុងស្រុកលើកដំបូង ចាប់តាំងពីខែមេសាមក។
គួរបញ្ជាក់ថា បច្ចុប្បន្ន ដាណាង ជាទីក្រុងមានមនុស្សរស់នៅប្រមាណជាង១លាននាក់បានបិទការធ្វើដំណើរទាំងផ្លូវអាកាស ទឹក និងគោកទាំងអស់ ខណៈដែលអាជ្ញាធរកំពុងជម្លៀសមនុស្សរាប់សែននាក់ចេញពីទីក្រុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ។
គិតត្រឹមព្រឹកនេះ វៀតណាមមានអ្នកជំងឺកូវីដ១៩សរុប៤៤៦នាក់ គ្មានស្លាប់ ហើយ៨៣ភាគរយនៃអ្នកជំងឺសរុបបានជាសះស្បើយវិញ នេះបើតាមក្រសួងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។