អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះ​រុះ​រើស​សំណង់​ខ្ទម​ខុសច្បាប់ នៅ​ព្រែក​ទឹកសាប​ក្បាលឆាយ​

​ព្រះសីហនុ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​ព្រះសីហនុ ដែល​ចេញផ្សាយ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បញ្ជាក់ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​ខ្ទម​ចំនួន ៤៣​ខ្ទម និង​ផ្លាញ​កូន​ស្វាយ​ដាំ​ថ្មីៗ​ជាច្រើន​ដើម ដែល​ក្រុម​អ​នា​ធិ​តេ​យ្យ នៅ​ព្រែក​ទឹកសាប​ក្បាលឆាយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ឃើញថា​ប្រជាពលរដ្ឋ​មួយក្រុម បាន​សាងសង់​ទីជម្រក​អ​នា​ធិ​ប​តេ​យ្ត​នៅលើ​ដី​ដែលជា​កម្មសិទ្ធិឯកជន​របស់​ប្រជាពលរដ្ឋ​មួយកន្លែង ហើយ​ត្រូវបាន​ម្ចាស់​ដីឯកជន​នោះ​បណ្តេញចេញ ក្រោយពី​បណ្តេញ​ចេញពី​ដីឯកជន​នោះមក ប្រជាពលរដ្ឋ​ទាំងនោះ បានមក​តាំងនៅ​តំបន់​អូរ​ត្រាវ ភូមិ​១​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​តែម្តង​។​

​រហូតដល់​ថ្ងៃទី​១៤ ខែកក្កដា​ថ្មីៗ​នេះ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិ​ស្ថា​មន​ខេត្ត បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចុះ​អប់រំ ណែនាំ និង​រុះរើ ទី​កម្រ​ក​អនាធិបតេយ្យ​នៅ​ទីតាំង​ចំណុច​ខាងលើ​ម្តង​រួចមកហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​។​

​បន្ថែម​ពីនេះ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង​នោះ​ម្តងទៀត បាន​ឃើញថា​មិនមាន​ការរុះរើ​នោះឡើយ លើសពីនេះ​ពួកគាត់​បាន​សាងសង់​ផ្ទះ និង​ខ្ទម​បន្ថែមទៀត​។ បន្ទាប់មក នៅ​ថ្ងៃ​ចន្ទ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ កន្លងមកនេះ គណៈបញ្ជាការ​ឯក​ឧា​ព​ខេត្ត​សហការ​មន្ត្រី​ជំនាញ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​ខ្ទម​ចំនួន ៤៣​ខ្ទម និង​ផ្លាញ​កូន​ស្វាយ​ដាំ​ថ្មីៗ​ជាច្រើន​ដើម ដែល​ក្រុម​អ​នា​ធិ​តេ​យ្យ នៅ​ព្រែក​ទឹកសាប​ក្បាលឆាយ​នេះ​តែម្តង​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close