ទីក្រុង​ចំនួន​២ របស់​កម្ពុជា ត្រៀមខ្លួន​ក្លាយជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី នៅ​ចុងឆ្នាំ​២០២១

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពីរ​ដាច់​ដោយ​​ឡែក​ពីគ្នា​ត្រូវបាន​ធ្វើឡើង​នៅ​ខេត្ត​កែប និង​ខេត្តកំពត នា​ដើម​សប្តាហ៍​នេះ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​ប្រែក្លាយ​ទីក្រុង​កែប និង​ទីក្រុង​កំពត ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី នៅ​ចុងឆ្នាំ​២០២១​នេះ​។​

​ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានចាត់ទុក​កិច្ចប្រជុំ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​នេះ គឺជា​ការត្រួសត្រាយ​ផ្លូវ និង​ត្រៀម​លក្ខណៈសម្បត្តិ​ក្នុង​ការជំរុញ​ទីក្រុង​កែប និង​ទីក្រុង​កំពត ឲ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១ ដើម្បី​ចូលរួម​ពង្រឹង ​និង​លើក​​កម្ពស់​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​។​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ ក៏បាន​លើកឡើង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​រីក​រាល​ទូទាំង​ពិភពលោក​ហើយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​រីក​រាលដាល​ក្នុង​សហគមន៍ និង​បានបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​នានា​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ដាក់ចេញ​នូវ​ប្រកាស​ស្តីពី​ការដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ រួមមាន​៖ វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ការ​ស្នាក់នៅ សម្រាប់​ការហូបចុក សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​គោក ផ្លូវទឹក សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ និង​សម្រាប់​សហគមន៍​ទេសចរណ៍ ដើម្បី​ធានាបាន​ថា កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​ចំពោះ​ភ្ញៀវទេសចរ​គ្រប់រូប​។​

​ក្រុមការងារ ក៏បាន​ចុះ​ពិនិត្យ​ជាក់ស្តែង វាយតម្លៃ​នៅតាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ក្នុង​ក្រុង​ទាំងពីរ ដើម្បី​ត្រៀមលក្ខណៈ និង​រៀបចំ​សកម្មភាព​ចាំបាច់​នានា ក្នុង​គោលបំណង​ជំរុញ​ទីក្រុង​ទាំងពីរ​ឲ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១ តាម​ការគ្រោងទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close