មគ្គុទេសក៍ទេសចរណ៍ម្នាក់ ងាកមកបង្កើតកសិដ្ឋានចិញ្ចឹមបង្កងអូស្ដ្រាលី ក្នុងវិបត្តិជំងឺកូវីដ១៩
សៀមរាប៖ លោក សុខ សំណាង ជាមគ្គុទេសក៍ទេសចរណ៍នៅខេត្ដសៀមរាប មានទីលំនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា ដោយសារវិបត្តិជំងឺកូវីដ១៩ កំពុងធ្វើការរាតត្បាតក្នុងទូទាំងពិភពលោកនោះ បានធ្វើឲ្យភ្ញៀវទេសចរបរទេសធ្លាក់ចុះ ដែលប៉ះពាល់យ៉ាងខ្លាំងលើមុខរបរជាមគ្គុទេសក៍ទេសចរណ៍នេះ។
ដូច្នេះដើម្បីដោះស្រាយនូវជីវភាពរស់នៅប្រចាំថ្ងៃ លោក ក៏បានងាកមកបង្កើតកសិដ្ឋានចិញ្ចឹមបង្កងអូស្ដ្រាលី ដែលលោកបានចេះការចិញ្ចឹមបង្កងនេះ តាមរយៈមិត្ដភក្ដិនៅប្រទេសអូស្ដ្រាលី និងតាមរយៈសិក្សាក្នុងកម្មវិធីអ៊ិនធ័រណែត ដូចជាយូធូបជាដើម ដែលមកដល់ពេលនេះ លោកមានពូជបង្កងជាច្រើនពាន់ក្បាលសម្រាប់លក់ឲ្យកសិករជាច្រើនទៀត ដូចនៅខេត្ដកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។
លោក សុខ សំណាង បានបញ្ជាក់ទៀតថា លោកបានចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ដ្រាលីអំឡុងខែវិច្ឋិកា ឆ្នាំ២០១៩ ដែលមកបច្ចុប្បន្ននេះ លោកមានបង្កងពូជរាប់ពាន់ក្បាល និងចិញ្ចឹមលើផ្ទៃដីប្រហែល៨០ម៉ែត្រការ៉េ ប៉ុន្តែបង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹម អាចចិញ្ចឹមក្នុងអាងស៊ីម៉ងត៍ក៏បាន , ក្នុងស្រះក៏បាន , ក្នុងស្រែក៏បាន, ក្នុងលូស៊ីម៉ង់ត៍ក៏បាន និង ក្នុងអាងធ្វើពីតង់ក៏បាន ជាពិសេសកន្លែងណាដែលមានប្រភពទឹកស្អាតគ្រាន់ អាយុកាលបង្កងនេះ មានអាយុពី៤ខែ ទៅ៥ខែ បង្កងឈ្មោល មានទំងន់៦ខាំ និងបង្កងញីមានទំងន់៤ខាំ ដោយប្រើរយៈពេលតែប្រមាណ៦ខែទៅ៩ខែប៉ុណ្ណោះ អាចចាប់យកទៅលក់លើទីផ្សារបានហើយ ដែលក្នុងមួយគីឡូក្រាមមានតម្លៃ២៥ដុល្លារអាមេរិក។
លោក សុខ សំណាង បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងអូស្ដ្រាលីរបស់លោក បានសម្រេចគោលដៅស្ទើរមួយរយភាគរយហើយ ហើយនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោកក៏មានការបណ្ដុះបណ្ដាលជំនាញចិញ្ចឹមបង្កងផងដែរ ដល់កសិករទូទៅដែលគាត់មានបំណងចិញ្ចឹមបង្កងនេះ ដូច្នេះតាមរយៈនេះ សំណូមពរដល់រាជរដ្ឋាភិបាលកម្បូជា សូមជួយលើកទឹកចិត្ដដល់កសិករចិញ្ចឹមសត្វនៅក្នុងអំឡុងពេលមានជំងឺកូវីដ១៩នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។