ចំការ​ផ្លែឈើ​មួយ ក្នុង​ក្រុង​សែន​មនោ​រម្យ អាច​រកចំណូលបាន​ជា​ង ១​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ

​មណ្ឌល​គី​រី​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មក​មើល​ចំការ​ក្រូច​វ​ល្លិ៍ ទុរេន និង​ផ្លែ​ប៊ឺ ក្នុង​ក្រុង​សែន​មនោ​រម្យ ដែលជា​របស់​បងស្រី ប្រាក់ សា​វី​។​

​បងស្រី ប្រាក់ សា​វី បាន​រៀបរាប់​អំពី​ផលដំណាំ​ថា បច្ចុប្បន្ន​ដំណាំ​ឈើ​ហូប​ផ្លែ​ខាងលើ ទទួលបាន​ផល​ល្អ និង​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ ពិសេស​ផ្លែ​ប៊ឺ សម្រាប់​ភ្ញៀវ​អញ្ជើញ​មកពី​ភ្នំពេញ និង​បញ្ជា​ទិញ​យកទៅ​ភ្នំពេញ​។ ជា​មធ្យម​បងស្រី អាច​រកចំណូលបាន​ពី ១០ ០០០-១៥ ០០០​ដុល្លារ ក្នុង​១​ឆ្នាំ លើ​ផ្ទៃដី ៧​ហ​ត​។

​ឯកឧត្តម វេ​ង សាខុន បាន​កោតសរសើរ​ម្ចាស់​ចំការ​រូបនេះ ចំពោះ​ការខិតខំ​ប្រឹងប្រែង​មើលថែ​រទាំ​ដំណាំ​បាន​ទទួលផល​យ៉ាង​ល្អ និង​ចំណូល​ខ្ពស់ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ កូនៗ​បាន​រៀនសូត្រ​ជ្រៅជ្រះ គ្រួសារ​ជួបជុំ មាន​សុភមង្គល​។ កត្តា វិជ្ជមាន​ទាំងអស់​នេះហើយ គឺជា​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​ស្រប​ពេលដែល​សេដ្ឋកិច្ចជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​បណ្តាលមកពី​ជំងឺឆ្លង​កូ​វីដ​-១៩ និង​វិស័យ​មួយចំនួន​កំពុង​អសកម្ម​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​បងស្រី​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ធ្វើយ៉ាងណា​ធានា​ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ផលិតផល​ផ្លែឈើ​ក្នុង​ចំការ​របស់​បងស្រី​ដែល​កំពុងមាន​សក្តានុពល​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close