កម្ពុជា-ចិន បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ ដោយមានការសម្របសម្រួលពីធនាគារចិន (Bank of China) លីមីតធីត និងដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។
កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងឈានដល់បង្កើត សហគមន៍វាសនារួម កម្ពុជា ចិន នៅឆ្នាំ២០១៩។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងៗ និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ជាសក្ខីកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានកំណើនជាប្រចាំ គឺសម្រេចបានជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារ នាឆ្នាំ២០២៣ ខាងមុខ។
ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំភាគីចិន ជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញ ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំ។ល។ កន្លងទៅ កម្ពុជា និងចិន បានចុះពិធីសារអនាម័យ និងភូតគាមអនាម័យជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។