អន្តរក្រសួង ចុះវាស់វែងដីធ្លី ដើម្បីចុះបញ្ជីជូនប្រជាពលរដ្ឋ នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី៖ នៅព្រឹក ថ្ងៃទី៣០ កក្កដា នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលចុះវាស់វែងដីធ្លី ដើម្បីរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពងង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នោះ យើងក៏បានជួបជុំគ្នាពិគ្រោះយោបល់ដោយឡែកជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងមានការពិគ្រោះយោបល់កំរិតជំនាញជាបន្តបន្ទាប់ ដើម្បីរៀបចំនូវដំណើរការមួយដែលចាត់ទុកថា ជាយុទ្ធនាការមួយដ៏ធំដែលយើងប្រើប្រាស់កំលាំងរហូតដល់ ៥៥០នាក់ ហើយជឿជាក់ថា កំលាំងនេះអាចមានលទ្ធភាពក្នុងការដោះស្រាយនូវបញ្ហាជាចំបងនៅក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម បញ្ជាក់ថា ការងារដែលត្រូវពិភាក្សាគ្នាជាចំបងនាពេលនេះមាន៥ រួមមាន៖ ការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ការដោះស្រាយវិវាទដីធ្លី ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការរៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងខេត្តមណ្ឌលគិរី ដែលទាំងនេះ គឺជាប្រធានបទមានទំហំធំធេងហើយ គឺជាផែនការដែលអាចគ្របដណ្តប់បាននូវបញ្ហាទាំងឡាយដែលយើងកំពុងតែប្រឈម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។