រថយន្តដឹកកម្មករ បុករុញពីក្រោយម៉ូតូ២គ្រឿង ចូលក្រោមរថយន្ត១គ្រឿងទៀត កិនស្លាប់បុរសម្នាក់
ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត២គ្រឿង បុកគ្នា និងបន្តបុកម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ ត្រូវរថយន្តកិនស្លាប់យ៉ាងណោចអាធម៌។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិអង្គស្នួលទី២ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា
គេឃើញរថយន្ត១គ្រឿង ម៉ាកន៉ីសសាន់ ពណ៌ស គ្មានផ្លាកលេខបើកឆ្លងផ្លូវជើងទៅត្បូង នៅចំណុចខាងលើ គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ ដឹកកម្មករ ពណ៌ស គ្មានផ្លាកលេខ បើកពីលិចទៅកើត បានបុកពីក្រោយម៉ូតូ រុញបោកផ្ទប់នឹងចំហៀងខាងស្ដាំកង់ក្រោយរថយន្តដែលឆ្លងផ្លូវ កិនអ្នកបើកបរម៉ូតូ ស្លាប់តែម្ដង។
ជនរងគ្រោះឈ្មោះ សាត រដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡានស្ទួច (ស្លាប់) ទីលំនៅភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងភាគីម៉ូតូម្ខាងទៀត ឈ្មោះ ផល សុខភឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ (របួសធ្ងន់) ស្នាក់នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល និងឈ្មោះ ហេង សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ (របួសធ្ងន់) ស្នាក់នៅភូមិឃុំជាមួយគ្នា។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយ បានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក។ ចំណែកអ្នកបើករថយន្តទាំង២ បានរត់គេចខ្លួនបាត់ស្រមោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។