ដំណឹងល្អទៀតហើយ​! កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់​ ខណៈ​មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺ​ម្នាក់​ដែលជា​សះស្បើយ​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ជើងហោះហើរ​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង ត្រូវបាន​អនុញ្ញាត​ឱ្យចេញ ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​រកឃើញ​អ្នកជំងឺ​សរុប​២៤០​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស​១៩៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន ១៩៧​នាក់ (​ស្រី ៤៣​នាក់ និង​បុរស​១៥៤​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៤១​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​២​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close