៧ខែ ឆ្នាំនេះ សមត្ថកិច្ចឃាត់មនុស្សជាង១ម៉ឺននាក់ រឹបអូសគ្រឿងញៀនជាង ២៩០គីឡូក្រាម
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ថា រយៈពេល៧ខែ ចាប់គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន៦,១៦៩ករណី ដោយឃាត់ខ្លួនមនុស្ស ១២,២៧៤នាក់។ ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនទាំង ១២,២៧៤នាក់នេះ មានស្រីចំនួន៧៦៤នាក់ ហើយជនបរទេសចំនួន ១៧៨នាក់ មាន១៤សញ្ជាតិ។
របាយការណ៍បញ្ជាក់ថា ករណីគ្រឿងញៀន ដែលបង្ក្រាបបាន រួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះបង្ក្រាបចំនួន ៣៩៨៤ករណី ឃាត់មនុស្ស៧៤៦៣នាក់ (ស្រី ៥៨៤នាក់) និងករណីប្រើប្រាស់ចំនួន ២១៨៥ករណី ឃាត់មនុស្ស៤៨១៨នាក់ (ស្រី១៨០នាក់)។ ចំពោះការអនុវត្ដន៍ដីកាមានចំនួន២៦៧ដីកា ឃាត់២៥០នាក់ (ស្រី៦នាក់)។
សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូសបានមានចំនួនជាង ២៩០គីឡូក្រាម និង ៧៨៩កញ្ចប់តូច, កញ្ឆាជាង២៥០គីឡូក្រាមនិង សម្ភារចាប់យកមានរថយន្ដ៧៦គ្រឿង ម៉ូតូ១៥២៩គ្រឿង ទូរស័ព្ទ៤២៩១គ្រឿង ជញ្ជីង២៧៦គ្រឿង អាវុធខ្លី១៦ដើម អាវុធវែង១៧ដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។