៧ខែ ដើមឆ្នាំនេះ កម្ពុជា នាំចេញអង្ករសម្រេចបានជិត ៤៣ម៉ឺនតោន
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ សម្រេចបាន ៤២៦ ០៧៣តោន កើនឡើងប្រមាណ ១១៨ ០៦០តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣តោន។
ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ២៨ ៤១៣តោន កើនឡើងចំនួន ១ ៩៣៨តោន ស្មើនឹង ៧,៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨ ៥២៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨តោន, អង្ករចំហ៊ុយមានចំនួន ៦៨២តោន និងអង្ករក្រហមមានចំនួន ២៨,៤១តោន។
ឯកឧត្តម បន្តថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៦ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
ឯកឧត្តម ក៏បញ្ជាក់ផងដែរថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០%, ប្រទេសចិនកើនចំនួន ២៥,៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤,០៣%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧២,៤០% ។
យ៉ាងណាមិញ ការនាំចេញស្រូវនៅតាមច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១,១១៥ លានតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។