មន្ត្រីជាន់ខ្ពស់​ទូត​អាមេរិក​ម្នាក់ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈ​ថ្ងៃនេះ ក៏មាន​អ្នកជា​សះស្បើយ​៣​នាក់​ដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ម្នាក់ទៀត ជា​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ខណៈ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​៣​នាក់​ទៀតផង​ដែរ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី គឺ​បុរស​ជនជាតិ​អាមេរិកកាំង ជា​មន្ត្រីការទូត​ជាន់ខ្ពស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​អាស័យដ្ឋាន​ស្នាក់​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​បុរស​រូបនេះ​បានធ្វើ ដំណើរ​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មក​កម្ពុជា ដែល​លទ្ធផល​វិភាគ​វត្ថុ សំណាក​លើក​ទី​៣ នា​ថ្ងៃទី​១៥​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ រាយការណ៍​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​។

​អ្នកជំងឺ​ត្រូវ​បានដាក់​នៅក្នុង​បន្ទប់​មួយ ដោយឡែក​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ធ្វើការ​ព្យាបាល​ដោយ ក្រុមគ្រូពេទ្យ​អាមេរិកាំង​នៃ​ស្ថានទូត​នេះ​។ ចំណែក​ករណី​ជាសះស្បើយ​៣​នាក់ គឺជា​បុរស​ជនជាតិខ្មែរ ២​នាក់ និង​បុរស​ជនជាតិ​អាមេរិកកាំង​ជាម​ន្ត្រី​ទូត​អាមេរិក​ម្នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ២៤១​នាក់ (​ស្ត្រី​៤៦​នាក់ និង​បុរស ១៩៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២០០​នាក់ (​ស្រី​៤៣​នាក់ និង​បុរស​១៥៧​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៣៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំនួន​០២​នាក់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close