សារធាតុ​គីមី និង​គ្រឿងញៀន​ជាង ៥០០​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​បង្ក្រាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលបានចេញផ្សាយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ បញ្ជាក់ថា ក្រោម​បទបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ខុសច្បាប់​បម្រុង​នាំ​ចេញទៅ​បរទេស ចំនួន ១៨៥.០២​គីឡូក្រាម ដោយ​សហការ​ជាមួយ​អង្គភាព​គយ នៃ​ប្រទេស​ចិន តាមរយៈ​អង្គការ UNODC ប្រចាំ​ប្រទេស​ថៃ និង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ បាន​ដឹកនាំ​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដោយ​សហការ​ជាមួយ​អង្គភាព​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់ ជនជាតិខ្មែរ និង​វត្ថុតាង​គ្រឿងញៀន​ចំនួន ១៩៨​ដុំ លាក់​បង្កប់​ក្នុង​កេស​ការ៉ូ​ឈើ​បន្លំ​ជា​គ្រឿង​សង្ហា​រឹម​។

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន​ម្នាក់ទៀត ដែលជា​មុខសញ្ញា​កែច្នៃ​គ្រឿងញៀន និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៨.៤៥​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​សម្រាប់​កែច្នៃ​គ្រឿងញៀន​ចំនួន ២០.១៦​គីឡូក្រាម ព្រមទាំង​ឧបករណ៍ សម្រាប់​កែច្នៃ​មួយចំនួន ក្នុង​បន្ទប់​ខុន​ដូរ​។​

​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច បាន​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​លាក់ទុក​នូវ​សារ​ធាតុគីមី​សម្រាប់​ផលិត​គ្រឿងញៀន​មួយកន្លែង នៅក្នុង​ខណ្ឌ​កំបូល ដោយ​ដកហូត​បាន​នូវ​សារធាតុ​គីមី​ចំនួន ១១​មុខ សរុប​មាន​ទម្ងន់ ៣១៤៦.១៩​គីឡូក្រាម និង​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​រក្សាទុក​ម៉ាស៊ីន​សម្រាប់​ផលិត​គ្រាប់​ថ្នាំញៀន​មួយកន្លែង​ទៀត ស្ថិតក្នុង​ខណ្ឌដង្កោ ដោយ​រឹបអូស​បាន​ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន​ចំនួន ០២​គ្រឿង និង​ពុម្ព​គ្រាប់​ថ្នាំញៀន​ចំនួន ១៤​សម្រាប់​។​

​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច ករណី​ជួញដូរ​គ្រឿងញៀន​នេះ គឺជា​ករណី​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ និង​មាន​មេខ្លោង​នៅ​បរទេស ហើយ​មានបំណង​នាំ​ចេញទៅ​កោះ​តៃវ៉ាន់​។

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុង​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​មេខ្លោង​នៅ​បរទេស និង​មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​នាំខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close