សត្វ​ចង្កៀលខ្យង​ប្រមាណ ៤០០០​ក្បាល កំពុង​រស់នៅ និង​រក​ចំណី​ចិញ្ចឹមជីវិត នៅ​តំបន់​បឹង​ស្នេហ៍ នៃ​ខេត្តព្រៃវែង​

​ខេត្តព្រៃវែង​៖ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ ព្រំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ បាន​ចុះ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ការពារ​សត្វ​ស្លាប ស្ថិតនៅ​ទួល​ស្វាយ​ដូន ភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។


​ការចុះ​សិក្សា​នេះ​រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង និង​លោក​មេឃុំ​ក​ញ្ចាំ និង​ប្រជា​សហគមន៍​មួយចំនួន​ផងដែរ​។ លោក កុក រុន និង លោក ស៊ុម ស៊ីម បាន​កំពុងស្នាក់នៅ​ប្រកប​របរ​ធ្វើស្រែ និង​ចិញ្ចឹម​ទា​ផ្ទាល់​ក្នុង​ទីតាំង​ខាងលើ បាន​ចូលរួម​អភិរក្ស​សត្វ​ស្លាប​លើ​ទីតាំង​ជាក់ស្តែង​។

​ក្រុមការងារ​បានបញ្ជាក់​ថា មាន​វត្តមាន​ប្រភេទ​សត្វ​ស្លាប សត្វ​ចង្កៀលខ្យង​ប្រមាណ​៤០០០​ក្បាល បាន​កំពុង​រស់នៅ និង​រក​ចំណី​ចិញ្ចឹមជីវិត​នៅ​ទីនោះ​។ បន្ទាប់មក​ក្រុមការងារ បាន​បន្តដំណើរ​ទៅកាន់​ទីកន្លែង​សំបុក​បន្ត​ពូជ និង​ពង​កូន​របស់​ប្រភេទ​សត្វ​ស្លាប​ទឹក​សំខាន់ៗ នៅ​ទីតាំង​តំបន់​បឹង​ស្នេហ៍​(​ទួល​ព័ន្ធ​តា​ឡី​)​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close