ផ្ទុះ​ដ៏​កក្រើក នៅជាប់​តំបន់ឆ្នេរ នៃ​ប្រទេស​លី​បង់ ស្លាប់​មនុស្ស ៧៨​នាក់ និង​ជិត​៤​ពាន់​នាក់ រងរបួស​

​លី​បង់​៖ ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​មួយ បាន​កើតឡើង​នៅជាប់​តំបន់ឆ្នេរ​នៃ​រដ្ឋធានី​បេ​រូត របស់​ប្រទេស​លី​បង់ ហើយ​ជា​លទ្ធផល​នោះ ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​៧៨​នាក់ និង​ជិត​៤​ពាន់​នាក់​ផ្សេងទៀត​ទទួលរង​របួស នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លី​បង់​លោក Hamad Hasan ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០​។​

​ទន្ទឹមគ្នា មន្ត្រី​មាន​សមត្ថកិច្ច​លី​បង់​បាន​អះអាងថា ការផ្ទុះ​គឺ​បានកើត​ចេញពី​ឃ្លាំង​ស្តុក​សារធាតុ​ដែល​អាច​ផ្ទុះ​ឆេះ ដែល​បាន​រក្សាទុក​ក្នុង​ឃ្លាំង​នោះ អស់​រយៈពេល ០៦​ឆ្នាំ​មកហើយ ខណៈ​ក្រុម​ស៊ើបអង្កេត​លី​បង់​នៅតែ​បន្ត​ការតាមដាន និង​ប្តេជ្ញា​យក​ជនបង្ក​រឿងនេះ មក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជាទីបំផុត​។​

​ប្រធានាធិបតី​លី​បង់​លោក មី​ឈែល អា​អូន បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ សង្គម Twitter របស់លោក​ថា វា​ជា​រឿង​មិនអាច​ទទួលយកបាន​នោះទេ ដែល​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ត្រូវបាន​ទុកដាក់​នៅ​ទីនោះ ដោយ​គ្មាន​ការរក្សា​សុវត្ថិភាព​។

​ជាមួយគ្នានេះ លោក មី​ឈែល អា​អូន ក៏បាន​ប្រកាស​បញ្ចេញ​ក​ញ្ច​ប់ថ​វិកា​៦៦​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​គ្រា​មាន​អាសន្ន​នេះ​ផងដែរ ជាពិសេស​គឺ​ការព្យាបាល​អ្នករងរបួស​រាប់ពាន់នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close