បើកម៉ូតូវ៉ាជែង ជ្រុលបុកចូលក្រោមរថយន្តដឹកទំនិញ កិនស្លាប់ម្នាក់ នៅនឹងកន្លែង
ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់មួយ កើតឡើងកាលពីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៤១ ក្នុងភូមិពន្លឺ ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្ដាល រវាងរថយន្តធំដឹកទំនិញ និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ដួលបោកស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ជិះពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានឡើងវ៉ាខាងឆ្វេងរថយន្ត១គ្រឿង រួចក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហ្វុយស៊ោ (ប្រភេទដឹកទំនិញ) ពណ៌បៃតង ពាក់ផ្លាកលេខ តាកែវ៣A-០២៨២ ទិសខាងជើងទៅត្បូង បណ្ដាលអោយអ្នកបើកម៉ូតូដួលចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗតែម្ដង។
ជនរងគ្រោះឈ្មោះ ម៉ឺន សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីឯអ្នកបើករថយន្តធំ រត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថយតាង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។